Monday, March 23, 2009

ឥទ្ធិពល​នៃ​វិបត្តិសេដ្ឋកិច្ច​ពិភាពលោក​ អាច​ធ្វើ​​ឲ្យ​មាន​អស្ថេរភាព​នយោបាយ​ឬទេ?

​មូល​ដ្ឋាន​សេដ្ឋកិច្ច​កម្ពុជា​ ​មាន​ភាព​ផុយ​ស្រួល​ជា​ពន់​ពេក ដោយ​​អាស្រ័យ​ស្ទើ​រ​ទាំង​ស្រុង​​លើ​សេដ្ឋកិច្ច​ក្រៅ​ប្រទេស ។ ការ​នាំ​ចេញ​សម្លៀក​បំពាក់ វិស័យ​ទេសចរណ៍ សូម្បី​តែ​សំណង់ សុទ្ធ​តែ​​អាស្រ័យ​លើ​កត្តា​សេដ្ឋកិច្ច​ក្រៅ​ប្រទេស ។ ក្នុង​នោះ​វិស័យ​ទាំង​ពីរ​ផ្ដល់​ការងារ ជា​ច្រើន​ម៉ឺន​នាក់​​ដល់​​កម្លាំង​ពលកម្ម​កម្ពុជា ។ ការ​សន្និដ្ឋាន​របស់ ក្រុម​អ្នក​ផ្តល់​យោបល់​អង់គ្លេស​ ដោយ​ចាត់ទុក​ថា​​ប្រទេស​កម្ពុជា​អាច​ហានិភ័យ​​នយោបាយ​ខ្លាំង​បំផុត​ ក្នុង​បរិយាកាស​នៃ​វិបត្តិ​សេដ្ឋកិច្ច ត្រឹម​ត្រូវ​តែ​ក្នុង​ន័យ​ថា ការ​ធ្លាក់​ចុះ​នៃ​វិស័យ​ទាំង​ពីរ​យ៉ាង​គំហុគ ធ្វើ​ឲ្យ​កម្មករ​បាត់​បង់​ការងារ ហើយ​ខណៈ​ដែល​កម្ពុជា​គ្មាន​ប្រព័ន្ធ​សុវត្ថិភាព ប្រទេស​នេះ​នឹង​​រង​នូវ​សម្ពាធ​មួយ​យ៉ាង​ធ្ងន់​ធ្ងរ ។ ការ​វាយ​តម្លៃ​នេះ ត្រឹម​ត្រូវ​តាម​ស្ថាន​ភាព​អង់គ្លេស ដែល​ភាព​អត់​ការងារ​ធ្វើ​នឹង​រុញ​ច្រាន​រហូត​ដល់​មាន​វិបតិ្ត​សង្គម និង​វិបត្តិ​នយោបាយ ពី​ព្រោះ​ថា​ប្រជាជន​អង់​គ្លេស​បើ​អត់​ការងារ​ធ្វើ​មិន​ដឹង​ទៅ​ជា​ធ្វើ​អ្វី​ទេ ពី​ព្រោះ​ដី​កសិកម្ម​សឹង​តែ​ទាំង​អស់​កាន់​កាប់​ដោយ​ប្រជាជន​មួយ​ក្ដាប់​តូច​ប៉ុណ្ណោះ ។ ហើយ​ប្រហែល​ជា​កើត​ចំពោះ​ជាតិ​អង់​គ្លេស​ដែរ ។

ហេតុ​ផល​ដែលថា​សេដ្ឋកិច្ច​កម្ពុជា​មាន​សុខ​ភាព​ល្អ​នៅ​ឡើយ​គឺថា (១) វិស័យ​កាត់​ដេរ​ធ្លាក់​ចុះ​ ប៉ុន្តែ​មិន​ទាន់​ដួល​រលំ​ទេ ដូច​គ្នា​ដែរ​ចំពោះ​វិស័យ​ទេសចរណ៍ ។ ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរណ៍​កូរ៉េ​បាន​ធ្លាក់​ចុះ ប៉ុន្តែ​ជំនួស​ដោយ​ការ​កើន​ឡើង​ទេសចរណ៍​ពី​វៀត​ណាម ។ ដូច​នេះ​ ការ​បាត់​បង់​ការ​ងារ​មាន​ទំហំ​តូច​នៅ​ឡើយ​នឹង​បង្ករ​ឲ្យ​មាន​អស្ថេរភាព​នយោបាយ ។ (២) អ្នក​មក​ធ្វើ​ការ​នៅ​វិស័យ​ទាំង​នោះ​មាន​មូល​ដ្ឋាន​កសិកម្ម​ច្បាស់​លាស់ មាន​ន័យ​ថា​ពួកគេ​ភាគ​ច្រើន​មិន​បោះ​បង់​ស្រែ​ចំការ​ឡើយ​ ដែល​នេះ​ជា​ប្រព័ន្ធ​សុវត្ថិភាព​មិន​ផ្លូវការ កសិករ​មាន​ដី​កសិកម្ម​តូច​ៗ​​សម្រាប់​ផ្គត់​ផ្គង់​គ្រួសារ ។ ហើយ​ចំណូល​ពី​ការងារ​រោង​ចក្រ​ ឬ​វិស័យ​ទេសចរណ៍​​ ជា​ចំណូល​បន្ថែម ។ សំខាន់​បំផុត​ពួក​គេ​មាន​បាយ​ហូប​ឆ្អែត សម្រាប់​រង់​ចាំ​ឱកាស​ល្អ​ត្រលប់​មក​វិញ ។ ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​នេះ​ មាន​បាយ​ហូប​ឆ្អែត​សំណាង​រួច​ទៅ​ហើយ ។ (៣) សម្រាប់​មនុស្ស​ចាស់​មួយ​ចំនួនអស្ថិរភាព​នយោបាយ ផល​វិបាក ភាព​កំសត់​វេទនា ស្ថិត​ជា​បទ​ពិសោធន៍​ដ៏សែន​ជូរចត់ មិន​អាច​បំភ្លេច​បាន ដូច​នេះ​ឆន្ទៈ​បង្ករ​អស្ថិរភាព​មាន​តិច​តួច​ ស្ដួច​ស្ដើង​ណាស់ ។ (៤) ស្ថានភាព​នយោបាយ​ក្នុង​ពេល​នេះ​ប្រមូល​ផ្ដុំ​លើ​បុគ្គល​ម្នាក់ កម្លាំង​បក្ស​ប្រឆាំង​ខ្សោយ​ណាស់ ហើយ​មិន​មាន​សិល្បៈ​ទាក់ទាញ​គ្រប់​គ្រាន់ទេ ដើម្បី​អាច​បង្ករ​បញ្ហា​ទេ ។ ដូច​នេះ ការ​ទទួល​ខុស​ត្រូវ​នៃ​ស្ថិរភាព​ស្ថិត​តែ​លើ​បុគ្គល​ម្នាក់ ដែល​ដាក់ការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​លើ​បុគ្គល​នោះ ដូចនេះបង្កើត​ជា​ការ​ខំ​ប្រឹង​កាន់​តែ​ខ្លាំង​ដើម្បី​ធានា​ស្ថិរភាព ។

ក្នុង​ពេល​មាន​វិបត្ដិ​ សំខាន់​បំផុត​គឺ​បាយ​ហូប រក្សា​ជីវិត​ដើម្បី​ក្តាប់​ឱកាស ។ ក្នុង​ពេល​មាន​វិបត្តិ​គេ​គ្រាន់​តែ​អាច​កំណត់​សញ្ញាណ​ឱកាស ប្រមូល​យក ចាប់​ឲ្យ​ជាប់ ដូចនេះ​គេ​​អាច​មាន​បាន​ពេល​មេឃ​ស្រឡះ​តែ​ប៉ុណ្ណោះ ។

0 comments:

អត្ថបទ​ចាស់ៗ