Thursday, December 4, 2008

ដឹង ចេះ និង យល់?

តាម​ វចនានុក្រម​ ជួន​ ណាត
ដឹង (កិ.) បាន​ដំណឹង, ចូល​ចិត្ត​ជាក់, ជ្រាប​ច្បាស់​ក្នុង​ចិត្ត, យល់​ជាក់ : ដឹង​ការណ៍​ពិត ។ ​
ចេះ (កិ.) ដឹង​ជាក់, យល់​ជាក់ : ចេះ​អក្សរ ។
យល់ (កិ.) ឃើញ​ដោយ​ប្រាជ្ញា, គិត​ឃើញ​ច្បាស់ : យល់​ការ​ខុស​ត្រូវ ។ យល់​ចិត្ត ឃើញ​ជ្រៅ​ដល់​ទឹក​ចិត្ត ។ យល់​ព្រម ព្រម​តាម, អនុលោម​តាម, ឃើញ​ត្រូវ​ជាមួយ ។ យល់​មុខ យោគ​យល់​ឬ​អត់ ឱន​ដោយ​ឃើញ​ថា​មាន​មុខ​មាន​ឈ្មោះ, រើស​មុខ : ឲ្យ​ដោយ​យល់​មុខ, លម្អៀង​ព្រោះ​យល់​មុខ ។ល។
ដឹង​តែ​មិន​ចេះ ដឹង​តែ​មិន​យល់ ចេះ​តែ​មិន​ដឹង ចេះ​តែ​មិន​យល់ យល់​តែ​មិន​ដឹង យល់​តែ​មិន​ចេះ ។ តាម​ពិត​អត្ថ​បទ​នេះ​ចង់​វែក​ញែក​បន្តិច រវាង ដឹង ចេះ និង​ យល់ ។ សម្រាប់​ខ្ញុំ​ "ដឹង​" បាន​ទៅ​ដល់​សេចក្ដី​ថា​ជ្រាប សេចក្ដី​នេះ​មិន​មែន​ជា​ចំណេះ​ទេ ហើយ​ក៏​ពុំ​មែន​ជា​ការ​យល់​ដឹង​ឡើយ ។ គ្រាន់​តែ​ដឹង​ មិន​អាច​ធ្វើ​អ្វី​បាន​ទេ និង​មិន​អាច​ពន្យល់​បក​ស្រាយ​បាន​ដែរ ។ "ចេះ​" បាន​ទៅ​សេចក្ដី​ដែល​អាច​ប្រែ​ក្លាយ​​ការ​ដំណឹង​ទៅ​ជា​ចំណេះ ឬ​ការ​អាច​​ធ្វើ​បាន អាច​អនុវត្ត​បាន ឬ​ អាច​ប្រតិបត្តិ​បាន ។ ចំណេះ​គឺ​ងាប់​ក្រឡា មិន​អាច​បំបែក​​បង្កើត​ជា​ផ្លែ​ផ្កា​បន្ត​ទៀត​ទេ ។ ចំណែក​ "យល់" បាន​ដល់​សេចក្ដី​ស៊ី​ជម្រៅ​ឬ ​​ឫសគល់​​នៃ​​ចំណេះ និង​ដំណឹង ។ យល់ អាច​បង្កើត​ចំណេះ​ថ្មី និង​ដំណឹង​ថ្មី​បាន រួច​នាំ​ទៅ​រក​ការយល់​ជា​ថ្មី​ លើ​បញ្ហា​ចាស់ និង​ថ្មី​ទៀត​ផង ។ ដូច​នេះ​ កា​រ​ចាំ​គ្រាន់​តែ​ជា​ការ​ដឹង មិន​បាន​ប្រែ​ទៅ​ជា​ចំណេះ និង​ទៅ​ជា​ការ​យល់​ទេ ដូចនេះ​បើ​គ្រាន់​តែ​ដឹង ធ្វើ​អ្វី​មិន​កើត​ទេ (អត់​បាន​ការ​ទេ)?

យើង​ទាំង​អស់​ដឹង​ច្រើន តែ​ចេះ​មិន​ច្រើន​ទេ ហើយ​យល់​កាន់តែ​មិន​ច្រើន​ថែម​ទៀត ។ ដូច​នេះ​ត្រូវ​ខំ​ប្រែក្លាយ​ការ​ដឹង ឲ្យ​ទៅ​ជា​ចំណេះ និង ឲ្យ​ទៅ​ជា​ការ​​យល់​សេចក្ដី ទើប​បាន​ប្រសើរ ។

0 comments:

អត្ថបទ​ចាស់ៗ